បន្ទាយមានជ័យ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានចុះចែកអំណោយ ជូនលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន៨២នាក់ នៅភូមិដាច់ស្រយាល គឺ សាលាបឋមសិក្សាជំនីក ស្ថិតក្នុងភូមិ បល្ល័ងជ្រៃ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
លោកស្រីមេធាវី បានបង្ហាញសេចក្តីរីករាយ ដែលបានធ្វើដំណើរមកដល់សាលាដាច់ស្រយាលនេះនាំអំណោយជា ថវិកាជូនគ្រូនិងសិស្ស សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និង នំ សរុប៨២នាក់នាពេលនេះ។
លោកស្រីបានជំរុញណែនាំអោយសិស្សទាំងអស់ខិតខំរៀនសូត្រ ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ សង្គមជាតិ។
ចំណែក លោក កុយ រដ្ឋា ក្រុមប្រឹក្សាឃុំសឿ ដែលជាអ្នកខ្នះខ្នែងស្នើសុំជំនួយ បានសម្តែងក្តីរីករាយ និង ថ្លែងអំណរគុណ លោកស្រីមេធាវី និង ក្រុមការងារសមាគម ដែលបានចុះមកដល់មូលដ្ឋាន និងនាំអំណោយជាច្រើនមកចែកនាពេលនេះ។
បន្ទាប់មកលោកស្រី និងក្រុមការងារបានប្រគល់ និងចែកអំណោយដោយផ្ទាល់ដៃជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
លោក នាយកសាលាបឋមសិក្សាជំនីកតំណាងឲ្យលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោកស្រីមេធាវី និង ក្រុមការងារ ព្រមទាំងជូនពរ។