ខេត្តត្បូងឃ្មុំ៖ លោកតា សែម ណុច អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះ សាញ់ សារឿន អាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរងទុកភ័យយ៉ាងខ្លាំង ដោយសារតែ លោកកូនប្រសារចិត្តខ្មៅឈ្មោះ ឆន ចាន់ បានរំលោភយកដីរបស់គាត់ទៅលក់ ល្មើសដីការរក្សាការពាររបស់តុលាការ ព្រមទាំងបានបង្កើតរឿងជាច្រើន ប្តឹងឳពុកម្តាយក្មេកពីបទព្រហ្មទណ្ឌ (ក្លែងបន្លំឯកសារ) ធ្វើឲ្យគាត់ភិតភ័យរត់គេចខ្លួនពីដីកាតុលាការ និងខាតពេលវេលា ថវិកាអស់ជាច្រើន។
តាយាយបានរៀបរាប់ទាំងទឹកភ្នែកប្រាប់អ្នកកាសែតយើងថា បន្ទាប់ពីរៀបការកូនស្រីឈ្មោះ ណុច ស៊ីនាង និង ឈ្មោះ ឆន ចាន់ រួច ពួកគាត់ជាអាណាព្យាបាលបានចែកដីស្រែនិងដីចំការសរុប២ហិកតាកន្លះឲ្យអាស្រ័យផលចិញ្ចឹមជីវិត ប៉ុន្តែឈ្មោះ ឆន ចាន់ បានលក់ដីទាំងនោះអស់រលីង។ ក្រោយកូនស្រីបង្កើតពួកគាត់ស្លាប់ ឈ្មោះ ឆន ចាន់ មានមហិច្ឆិតា យកដីរបស់គាត់០៣កន្លែងទៀតទៅលក់ គឺដីដែលបានបាទទិញ០២កន្លែង តាមពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ០៦៧/១៦តឃ និង លេខ០៦៨/១៦តឃ ចុះថ្ងៃទី១៧កុម្ភៈ២០១៦ និងដី១កន្លែងទៀតទំហំ៣,០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិខ្នា ឃុំស្រឡប់ បានទិញពី ឈ្មោះសុវណ្ណនិងប្រពន្ធឈ្មោះរ៉េត។ ដីទាំង៣កន្លែងនេះ ពួកគាត់បានអាស្រ័យផលដោយដាំកៅស៊ូ នឹងមានបំណងបែងចែកឲ្យចៅ ជាពិសេសចៅ០៣នាក់ ដែលត្រូវជាកូនបង្កើត ឈ្មោះ ឆន ចាន់។
តាយាយបញ្ជាក់បន្ថែមថា ដោយសារកូនប្រសារ ឆន ចាន់ មានមហិច្ឆិតាលោភលន់ លក់ដីរបស់គាត់អស់ជាច្រើនកន្លែង និងចង់បន្តលក់ដី៣កន្លែងខាងលើបន្តទៀត ទើបគាត់បានប្តឹងសុំឲ្យតុលាការចេញដីការរក្សាការពារលេខ១១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ ទោះបីមានដីកានេះ ប៉ុន្តែឈ្មោះ ឆន ចាន់ និងបក្សពួក នៅតែបន្តឃុបឃិតគ្នាលួចលក់ដីនោះល្មើសដីកាតុលាការដដែល ហើយអ្នកទិញបានកាប់បំផ្លាញដំណាំកៅស៊ូគាត់ចោលអស់។ ទោះគាត់បានប្តឹងទៅតុលាការចំនួន០២ដង ប៉ុន្តែមិនទាន់បានផ្តល់យុត្តិធម៌ឲ្យពួកគាត់នៅឡើយទេ បែរជាឆាប់ចាត់ការបណ្តឹងរបស់ឈ្មោះ ឆន ចាន់ ដែលបានបង្កើតរឿងប្តឹងពួកគាត់ទៅតុលាការពីបទ ក្លែងបន្លំ ទៅវិញ។
តាយាយបន្ថែមថា បណ្តឹងនេះបានធ្វើឲ្យពួកគាត់ជាចាស់ជរាក្រីក្រកំពុងមានជំងឺជាប់ខ្លួន ភិតភ័យ រងទុក្ខលំបាកយ៉ាងខ្លាំង ត្រូវរត់គេចខ្លួនខ្លាចការចាប់ឃុំខ្លួនដោយតុលាការ។
លោកតា សែម ណុច ឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ខាងមុខ លោក ខៀវ សន ចៅក្រមជំនុំជម្រះ និង លោក ទៀវ ពណ្ណរាយ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងបើកសវនាការកាត់ទោសគាត់ពីបទចោទ ក្លែងបន្លំ តាមបណ្តឹងកូនប្រសារចិត្តខ្មៅនោះហើយ។
លោកតា យាយ សូមសំណូមពរនិងអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ និង អង្គភាពប្រឆាំងអំពើពុករលួយ សូមជួយតាមដានចំណាត់ការរបស់តុលាការ និងជាពិសេស លោកតាយាយ បានគោរពស្នើសុំការសណ្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្តិត មេត្តាជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ឲ្យពួកគាត់បានរស់នៅសុខសប្បាយនាជីវិតចុងក្រោយនេះផង។