សមត្ថកិច្ចចម្រុះបានបង្រ្កាបចាប់រថយន្តម៉ាក់នីសាន់ណាវិរ៉ាមួយគ្រឿងដែលចេញមករារាំងរំខាន ឬបិទផ្លួវនៅពេលមន្ត្រីជំនាញចុះអនុវត្តច្បាប់តាមស្ទាក់ចាប់ឡានដឹកឈើល្មើសច្បាប់មួយគ្រឿងនោះ ដែលដឹកឆ្លងកាត់តាមស្រុកស្វាយលើហើយចូលមកកាន់ខេត្តសៀមរាបរួចហើយសមត្ថកិច្ចបានតាមស្ទាក់ចាប់មិនបានឡានដឹកឈើល្មើសច្បាប់ ឡាននោះក៏ត្រឡប់ឡើងទៅស្រុកស្វាយលើវិញ លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀត គឺរថយន្តនីសាន់ណាវីរ៉ាមានស្លាក់លេខ ភ្នំពេញ ២Q ៧៦៧៥ បានមករារាំងផ្លូវសមត្ថកិច្ចកំពុងធ្វើការ។ ហេតុការបង្រ្កាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅវេលាម៉ោង ២.០០នាទី ត្រង់ចំណុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឌបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ចំពោះរថយន្តនីសាន់ណាវីរ៉ាមានស្លាក់លេខ ភ្នំពេញ ២Q ៧៦៧៥ បានមករារាំងផ្លូវសមត្ថកិច្ចកំពុងធ្វើការនោះ គឺត្រូវបានមន្ត្រីជំនាញរបស់យើងយកមករក្សាទុកនៅផ្នែករដ្ឌបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនិតិវិធី ដែលមានចែងនៅក្នុងមាត្រា ១០០ ស្តីពីច្បាប់រដ្ឋបាលព្រៃឈើចំពោះបុគ្គលណាម្នាក់ បានរារាំងឬរំខានដល់មន្តី្រកំពុងអនុវត្តច្បាប់នោះ ត្រូវទទួលទោសទណ្ឌពី១ឆ្នាំ ទៅ៥ឆ្នាំ បើផាកពិន័យជាប្រាក់ចាប់ពី១០លានរៀលទៅ១០០លានរៀលផងដែរ។ លោក បន្តថា ដោយឡែកម្ចាស់រថយន្តដែលសមត្ថកិច្ចកំពុងធ្វើការតាមចាប់រថយន្តរារាំងផ្លូវបានរត់គេចខ្លួនបាត់ ពេលនេះយើងរងចាំម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយជាបន្តាន់ គឺទុករយ:ពេលឲ្យ៣០ថ្ងៃ បើមិនឃើញម្ចាស់ចូលមកដោះស្រាយទេនោះ យើងនឹងរៀបចំឯកសារសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីជាធរមាន។
បើយោងតាមប្រភពពីកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា នៅពេលដែលសមត្ថកិច្ចស្ទាក់ចាប់បានរថយន្តបិទខ្ទប់ផ្លូវនោះ ក្រោយមកក៏មានលោក អុន វ៉ាន់សាក់ ប្រធានក្រុមការងារសមាគមយុវជន១៥៧ ស្រុកស្វាយលើ ខេត្តសៀមរាប ចេញមុខមកអះអាងថា ឡានដឹកឈើល្មើសច្បាប់ដែលរត់គេចបាត់នោះ ជាកូនចៅខ្ញុំទេ គឺខ្ញុំឲ្យវាដឹកគ្រាន់បានលុយយកមកទិញអីៗ ដើម្បីទុកចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតនាពេលនេះ។ បើទោះបីជាយ៉ាងនេះក្តី ជុំវិញករណីការបង្ក្រាបរថយន្តនេះ ពលរដ្ឋនៅតែទន្ទឹងរងចាំមើលថា តើមន្ត្រីអនុវត្តច្បាប់យកលុយ ឬក៏យកមនុស្សដាក់ទោស សូមរងចាំតាមដានទាំងអស់គ្នា ៕