បន្ទាយមានជ័យ៖ បើតាមការណ៍សង្កេតរយះកន្លងមក ក្រុងប៉ោយប៉ែតមានការរីកចំរើនជាលំដាប់ផ្នែកសាងសង់លំនៅដ្ឋាន ដោយសារហេតុនេះហើយម្ចាស់សាងសង់មួយចំនួនសាងសង់គម្លាតពីច្បាប់ធ្វើអោយជួបបញ្ហាជាច្រើន។
យាងដូចជាម្ចាស់ផ្ទះឈ្មោះ ម៉ែន ណារិន មិនព្រមរុះរើសំណង់រឹង លើដីចំណីផ្លូវរដ្ឋតាមការណែនាំរបស់ក្រុមការងារអាជ្ញាធរសមត្ថកិច្ចននោះឡើយ ថែមទាំងបន្តសាងសង់ និងជេរប្រមាថសមត្ថកិច្ចអាជ្ញាធរថែមទៀត។ ហេតុការណ៍នេះនៅព្រឹកថ្ងៃទី12 ខែវិច្ឆិកាឆ្នាំ2021 នៅចំណុចទល់មុខចំណតរថយន្តក្នុងភូមិបាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត នេះ អាជ្ញាធរចម្រុះបានចុះហាមឃាត់ជាលើកទី2ហើយ បន្ទាប់ពីចុះហាមឃាត់កាលពីម្សិលមិញរួចម្តងហើយតែម្ចាស់ផ្ទះ ឈ្មោះ ណារិន នៅតែផ្គើនបំពានការណែនាំរបស់អាជ្ញាធរថែមទៀត។
លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា នេះជាលើកទី2ហើយ ដែលអាជ្ញាធរក្រុង រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកហាមឃាត់ សំណង់រឹងដែលមានទទឹង2.9ម៉ែត្រ បណ្តោយ14.9ម៉ែត្រ កំពស់3.4ម៉ែត្រ ដោយសង់ចាក់ជាធ្នឹម រៀបឥដ្ឋ20 ដែលក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃ អោយរុះរើចេញម្តងហើយកាលពីម្សិលមិញ។
ហើយបំន្ថែមទៀតថាករណីខាងលើនេះ ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន មិនព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ ថែមទាំងផ្គើនឲ្យជាងសាងសង់បន្តបន្ថែមទៀត ទើបកម្លាំងចម្រុះ ធ្វើការដកហូតសម្ភារៈសាងសង់មួយចំនួនផងដែរ។
ម្យ៉ាងវិញទៀត អាជ្ញាធរពិនិត្យឃើញថា សំណង់អាគារធំទំហំ5ល្វែង និងកំពស់7ជាន់ របស់លោក ស្រី ម៉ែន ណារិន នេះ ក៏ពុំមានច្បាប់អនុញ្ញាតិសាងសង់ដែរ។ លោកបញ្ជាក់ថា ករណីខាងលើនេះ ក្រុមការងារជំនាញ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចុះមកស្រាវជ្រាវអនុវត្តទៅតាមច្បាប់។ពាក់ពន្ធការសាងសង់ទាំងអស់នេះដែលគេហទំព័រមេគង្គខ្មែរពុំអាចទំនាក់ទំនងទៅលោកស្រី ម៉ែន ណារិនបានទេដោយគ្មានលេខទូរស័ព្ទ។