ថ្ងៃ​ចន្ទ, ខែ​ធ្នូ 23, 2024
ផ្ទះព័ត៌មានសំខាន់សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦

-

ខេត្តកំពុងចាម ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ ដែលប្រារព្ធធ្វើនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើសេចក្តីរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២០-២០២១ ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ចាម កើតមានចំនួន ១៤៦លើក ថយចុះចំនួន ២៩លើក ស្មើ២០% បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៩៧នាក់ ស្រី២០នាក់ របួសធ្ងន់ចំនួន ៩៥នាក់ ស្រីចំនួន ១៩នាក់ របួសស្រាលចំនួន ៧២នាក់ ស្រីចំនួន ២៦នាក់ សរុបអ្នករងគ្រោះចំនួន ២៦៩នាក់ ស្ត្រី៤៥នាក់។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ កើតឡើងដោយកត្តាចម្បងរួមមាន៖ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាបរិស្ថានផ្លូវថ្នល់។

អង្គពិធីក៏បានស្ដាប់នូវការឡើងចែករំលែកបទពិសោធន៍ពីប្រជាពលរដ្ឋមួយរូបធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយផ្ទាល់ បានបង្ហាញពីការលំបាកក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះគាត់ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយសូមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ និងបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីទាំងមូល និងបានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសពជនរងគ្រោះនៅទូទាំងប្រទេស ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកន្លងមក និងជូនពរដល់ជនរងគ្រោះដែលកំពុងព្យាបាល ឱ្យឆាប់បានជាសះស្បើយ និងវិលមកកាន់ជីវភាពរស់នៅធម្មតាវិញ។

ស្របពេលជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាត់តាំងរៀបចំប្រារព្ធធ្វើពិធីជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក ក្នុងសក្ខីភាពដើម្បីបង្ហាញពីការយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្នុងការប្រារព្ធពិធីនេះមិនមែនតែចូលរួមចំណែករំលែកទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ក្រើនរំលឹក និងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងពីហានិភ័យ នៃគ្រោះថ្នាក់ដែលបណ្តាលមកពីការបើកបរធ្វេសប្រហែសដូចជាការបើកបរលឿនលើសកំណត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការមិនប្រកាន់ស្តាំ ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម។

សូមជម្រាបជូនផងដែរថា ជាមួយនឹងការអនុវត្តផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកលក្ខណៈសម្បតិ្តមួយក្នុងចំណោមលក្ខណៈសម្បតិ្តទាំង៧ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាភូមិ ឃុំ សង្កាត់ គ្មានគ្រោះថ្នាក់ចរាចរណ៍។ តាមរយៈការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ នៅឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយចំនួន ៩៤១លើក ស្មើនឹង ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន ៣៩៥នាក់ស្មើនឹង១៧% និងកាត់បន្ថយអ្នករបួសចំនួន ១.៤៥៥នាក់ ស្មើនឹង២១% បើធៀបនឹងឆ្នាំ២០១៩។

ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ប្រៀបធៀបនឹងឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយបន្ថែមទៀតមកនៅត្រឹម ៥៣១នាក់ ក្នុងនោះអ្នកស្លាប់ចំនួន ១៦៧នាក់ សរុបរយៈពេល២ឆ្នាំមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយចំនួន ១.៤៧៥លើក។

សម្តេចក្រឡាហោម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពលីកម្មរបស់មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ប្រកបកដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងការងារពាក់ព័ន្ធជាច្រើនទៀត ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០-២០២១ ពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋពីឧបទ្ទវហេតុដោយគ្រោះថ្នាក់ចរាចរណ៍។
រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់មួកសុវត្ថិភាពជូនតំណាងចំនួន ១០រូប និងរាប់បាត្រ និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

មេគង្គខ្មែរ
លេខទំនាក់ទំនងការងារ
CellCard: 092 50 79 79
Metfone: 097 961 70 90

អត្ថបទថ្មីៗ

ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​…

ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី...

តើធនធានរ៉ែនឹងធនធានធម្មជាតិព្រៃឈើនៅចំណុចភ្នំវែងក្នុងភូមិតាគ្រក់អាចមានវាសនាទៀតទេបើឥទ្ធិពលក្រុមហ៊ុនចិនច...

ស្រុករតនៈមណ្ឌល ៖ នៅថ្ងៃទី21ខែឆ្នូឆ្នាំ2024 បើយោងតាមប្រភពពីរពលរដ្ឋបានអោយដឹងតាមទូរស័ព្ទថាមានគ្...