កំពង់ចាម៖ ប្រភពច្បាស់ការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ចំពោះទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះ គឺបើកលេងយ៉ាងគគ្រឹកគគ្រេង ម្យ៉ាងវិញទៀតនោះម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហនោះឡើយ ស្ថិតនៅខាងក្រោយភោជនីយដ្ឋាន99ក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពុងចាម។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោង នេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។ ពលរដ្ឋលួចបង្ហើបបន្តរថា៖ ដោយមានការមើលថែរពីលោកអធិការរងម្នាក់នៅស្រុកជើងព្រៃ។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើប បណ្ដោយឱ្យក្រុមអ្នកញៀនល្បែងបើកលេងល្បែងសុីសងជល់មាន់ យ៉ាងគគ្រឹកគគ្រេងបែបនេះទៅវិញ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួរម្លឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញករណីខាងលើនេះដែរលោកនួន ម៉េងហ៊ួរ អធិការស្រុកជើងព្រៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះសារព័ត៌មានយើងមិនអាចសុំការអន្តរាគមន៍រឿងនេះបានទេព្រោះខលចូលលោកមិនលើក។ហើយបានរាយការណ៍តាមប្រព័ន្វអេឡិចទ្រនិច WhatsAppលោកមើលហើយមិនតប។
ចំណែកលោកកាំង គីមហុងសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពាក់ព័ន្វរឿងចោទប្រកាន់បានទេព្រោះគ្មានលេខទូរស័ព្ទ។
ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមអភិបាលខេត្តកំពង់ចាមនិងលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដកំពង់ចាម លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថានិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងរង់ចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធឬ សមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ។