ខេត្តឧត្តរមានជ័យ ៖ ទីតាំដីសាលារៀន ដែលត្រូវថែរក្សាទុកជិត៣ហិកតា សម្រាប់កសាងសាលារៀននោះ ត្រូវបានប្រជាពលរដ្ឋប្រតិកម្ម ហើយនាំគ្នាតវ៉ាប្រមាណជា៤០គ្រួសារ និងនាំគ្នាដាក់ការចោទប្រកាន់ទៅលើក្រុមអាជ្ញាធរ ស្រុកអន្លង់វែង ដែលបានឃុបឃិតគ្នាពុះច្រៀកដីនេះ ដូចជានំកូ ចែកគ្នាស្ទើរអស់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចចង្អូថ្ម ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមមនុស្ស៤០គ្រួសារ ដែលមានឈ្មោះ អេង ទី ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិអូរថ្ម បានធ្វើបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានថា ពួកគាត់ដែលមករស់នៅក្នុងភូមិជាំ ចំណុចអូរថ្មនេះ ដែលមានការអភិវឌ្ឍន៍រៀបចំដោយការិយាល័យរបស់យោធភូមិភាគ៤ នៅក្នុងអំឡុងឆ្នាំ២០០៥ និង២០០៦ កន្លងទៅនេះ មានប្រជាពលរដ្ឋរស់នៅជាង៤០គ្រួសារ។
ប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា ក្នុងការអភិវឌ្ឍន៍របស់ការិយាល័យយោធភូមិភាគ៤នោះ ក្នុង១គ្រួសារទទួលបានផ្ទៃដី១៥x៤០ម៉ែត្រ ហើយត្រូវបានរក្សាទុកផ្ទៃដីជិត៣ហិកតាផងដែរដែលប្រជាពលរដ្ឋបាននាំគ្នាកា.ប់ត្រួសត្រាយព្រៃជាទ្រព្យសម្បត្តិរួមនឹងសម្បត្តិរដ្ឋសម្រាប់សាងសង់ជាសាលារៀន និងសាងសង់ធ្វើជាសាលាឆទាន ឬទុកជាទីតាំងបុណ្យភូមិ និងបុណ្យផ្សេងៗផងដែរ។
ពលរដ្ឋដដែលបានអះអាងបន្តថា ស្រាប់តែខណៈពេលនេះ ក្រុមអាជ្ញាធរភូមិ ឃុំ ស្រុក បានឃុបឃិតគ្នាពុះច្រៀកជាដុំៗ ដូចនំកូ និងដូចសាច់៣ជាន់ យកទៅចែកគ្នាស្ទើរអស់បាត់ទៅហើយ ដូច្នេះពួកគាត់សុំធ្វើការអំពាវនាវដល់អាជ្ញាធរថ្នាក់ខេត្ត មេត្តាជួយដោះស្រាយរកភាពយុត្តិធម៌និងយកផ្ទៃដីនេះ មករក្សាទុកជាសម្បត្តិរដ្ឋវិញផង។
លោក អៀម សំអេន មេភូមិជាំ នៅវេលាម៉ោង៥ល្ងាច ក្នុងថ្ងៃខែដដែល បានឆ្លើយបំភ្លឺតាមរយៈទូស័ព្ទថា ដីសាលារៀន ដែលត្រូវរក្សាទុកមានត្រឹមតែ៦០x១០០ម៉ែត្រតែប៉ុណ្ណះ។ ផ្ទៃដីក្រៅពីនេះ គឺជាដីដែលមានម្ចាស់រួចជាស្រេច ហើយរូបលោកជាមេភូមិ និងប្រជាការពារក៏មានដីមួយចំណែកដែរ។
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោក ចាប ប៊ុនធឿន មេឃុំត្រពាំងប្រីយ៍ បានឱ្យដឹងតាមរយៈទូរស័ព្ទដែរថា បញ្ហារឿងរ៉ាវទំនាស់ដីធ្លីផ្ទៃដីសាលារៀន លោកមានប្លង់ក្នុងដៃដែលត្រូវរក្សាទុកសម្រាប់សាងសង់សាលារៀនមានទំហំ៦០x១០០ម៉ែត្រ ក្នុងហេតុការណ៍ទំនាស់នេះ លោកបានធ្វើការដោះស្រាយម្តងជាពីដងផងដែរ តែខាងពលរដ្ឋនៅតែប្រកាន់យកផ្ទៃដីជិត២ហិកតាដដែល មករក្សាទុកវិញ ទើបរឿងរ៉ាវនេះអាចបន្លាយពេលចំណែកក្រៅពីផ្ទៃដី៦០x១០០មែត្រ ជាដីដែលមានម្ចាស់កាន់កា.ប់ផងដែរ។
ទាក់ទិនទៅនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋទៅក្រុមអាជ្ញាធរមូលរដ្ឋានភូមិ ឃុំ និងស្រុកថា ឃុបឃិតគ្នាពុះដីដែលត្រូវរក្សារទុកសាលារៀននេះនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២លោក ថន កុត អភិបាលរងស្រុកអន្លង់វែង បានឱ្យដឹងតាមរយៈលេខទូរស័ព្ទថា ដោយយោងទៅលើបទបញ្ជាពីលោកអភិបាលស្រុក ឱ្យទៅវាស់វែងដីដែលសម្រាប់កសាងផ្លូវមួយខ្សែចេញពីស្តូបវិមានឈ្នះឈ្នះ ឆ្ពោះទៅចំណុចអូរថ្ម កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា ក្នុងថ្ងៃនោះ មិនបានទៅវាស់ដីបែងចែកគ្នាទេ គ្រាន់តែផ្សព្វផ្សាយថា ដីនៅចំណុចនេះ សុំឱ្យបងប្អូនណាដែលមានដីក្នុងទីតាំងនោះ ត្រូវបោះបង្គោលឱ្យបានច្បាស់លាស់ស្រួលងាយធ្វើការពិនិត្យវាស់វែងផ្លូវតែប៉ុណ្ណោះ។
គួររំលឹកផងដែរថា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោកមិនបានដឹងរឿងរ៉ាវទំនាស់ដីធ្លីនេះទេ តែទោះជាបែបណានោះ លោកនឹងធ្វើការដោះស្រាយនាពេលដ៏ខ្លីខាងមុខនេះផងដែរ៕