ភ្នំពេញ: ប្រភពពត៌មានរាយការណ៍មកថា: នៅតាមបណ្តោយផ្លូវ498ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ទីតាំងឈ្មោះលោក រឿន លួចបង្កប់ល្បែងសុីសង(ភ្នាល់បៀរ ចាក់បាល់ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងទៀត តាមប្រព័ន្ធអនឡាញ បានបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិន ធ្វើការបង្ក្រាប។
ប្រភពដដែលបានបន្តទៀតថា: ទីតាំងល្បែងស៊ីសង បង្កប់នៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ ឃើញដំណើរការបើកលេងទាំងយប់ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានខណ្ឌចំការមន មិនមានវិធានការ ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានត្រូវថ្នាំសណ្តំ ឬមួយទទួលលាភសក្ការៈពីម្ចាស់បនល្បែងខាងលើនេះ រួចអស់ហើយផងក៏មិនដឹង?
សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ឲ្យគណៈអភិបាលទាំង២៥ រាជធានី ខេត្ត . ដែលតម្រូវឲ្យបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោ ថែមទាំងបានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌ ស្រុក ក្រុង និង ខេត្តណាដែលមិនហ៊ានទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដូច្នេះហើយប្រជាពលរដ្ឋ និងមហាជនទូទៅ សូមស្នើរទៅដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងសុីសងនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។ ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលតម្រូវឲ្យបង្រ្កាបបនល្បែងសុីសងខុសច្បាប់ ដោយគ្មានការលើកលែង ។ ក៏ដូចជាឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនាពេលកន្លងមក។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕