ខេត្ដបន្ទាយមានជ័យ ៖ ប្រភពមន្រ្តីនៅច្រកទ្វារម៉ាឡៃ បានឲ្យដឹងថា ក្រុមឈ្មួញនាំចូលទំនិញពីប្រទេសសៀម មករក្សាទុកតាមឃ្លាំងជាច្រើនកន្លែង ក្នុងស្រុកម៉ាឡៃរួចលើកដាក់រថយន្តទាំងធំ ទាំងតូច ដឹកជញ្ជូនចូលទៅចែកចាយទៅតាមខេត្ត យ៉ាងរលូន។ ការដែលក្រុមឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងស្រួលៗគឺមានការសម្រួលពីសំណាក់លោក មេគយចល័ត ខេត្តបន្ទាយមានជ័យ និងលោក មន្រ្តីគយចល័តតំបន់5ប្រចាំស្នាក់ការក្នុងតំបន់នោះផងដែរ។ អាចនិយាយបានថា ដោយសារមានកិច្ចសហការពីសំណាក់លោក មន្ដ្រីគយចល័ត ទើបអំពើពុករលួយរបស់លោក នេត ចន្ថា អាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំ ទាំងតូច សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុកតែម្ដង។ ប្រភពបានឲ្យដឹងទៀតថាបើគ្មានការបើកដៃពីលោក នេត ចន្ថា ប្រធានការិយាល័យគយច្រកទ្វារម៉ាឡៃ ទេនោះគឺឈ្មួញមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកដូចសព្វថ្ងៃនេះឡើយ។ ចំណែកលោក នូ ស៊ីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យលោក នេត ចន្ថា ប្រធានការិយាល័យគយ ច្រកទ្វារម៉ាឡៃ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់នោះទេ។
តាមប្រភពស្និទ្ធនឹងលោក នេត ចន្ថា ប្រធានការិយាល័យគយច្រកទ្វារម៉ាឡៃ បានឲ្យដឹងថា ប្រសិនបើគ្មានលោក នូ ស៊ីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ជាបង្អែករឹងមាំទេនោះគឺលោក នេត ចន្ថាមិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃឡើយ។
ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយរបស់លោក នេត ចន្ថា ដែលមានលោក នូ ស៊ីថា ជាបង្អែកគឺជារឿងដែលមិនអាចបិទបាំងបាននោះទេ។ មន្រ្តីនៅច្រកទ្វារម៉ាឡៃ បានបញ្ជាក់ថា ករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុកតាមច្រកនេះ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយចំណូលធ្លាក់ចូលក្នុងហោប៉ៅ មន្រ្តីពុករលួយ៕