ខេត្តសៀមរាប ÷ ប្រភពពលរដ្ឋដែលរស់នៅស្រុកជីក្រែងបានបង្ហើបប្រាប់ក្រុមអ្នកយកព័ត៌មានយើងថានៅចំណុចត្រកួនទែកនិងអណ្ដាស់និងកន្លែងផ្សេងៗទៀតស្ថិតនៅក្នុងសហគមន៍ព្រៃធំឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានឃើញសកម្មភាពបទល្មើសឆួសឆាយ កាប់ទន្ទ្រានព្រៃជាច្រើនរូបភាពធ្វើទៅបានយ៉ាងរលូនគ្មានការទប់ស្កាត់ពីជំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថានអ្វីសោះឡើយយ៉ាងណាមិញយើងក្រឡេកមកមើលដីនៅចំណុចត្រកួនទែកនេះវិញដែលបុគ្គលឈ្មោះ ផាន់ ណា ជាមេខ្លោងបានគៀងគរនិងប្រមូលបងប្អូនបក្សពួករបស់គេមកធ្វើការកាប់ទន្ទ្រានដីព្រៃនៅចំណុចត្រកួនទែកបានក្លាយទៅជាវាលចំការដំឡូងមីបាត់អស់ទៅហើយដោយគ្មានញញើតទៅនឹងច្បាប់ទាល់តែសោះ។
ទង្វើរបស់ពួកគាត់ហាក់បីដូចជាមិនខ្លាចទៅនឹងសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដូចជាមន្ត្រីសហគមន៍រដ្ឋបាលព្រៃឈើព្រមទាំងមន្ត្រីជំនាញបរិស្ថានដែលឈរជើងនៅតំបន់នោះផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅជិតនោះគាត់បានខ្សិបប្រាប់ឲ្យដឹងថា បុគ្គលឈ្មោះ ផាន់ ណា រូបនេះមិនខ្លាចញញើតនិងជំនាញមានសមត្ថកិច្ចណាម្នាក់នោះទេ។
ហេតុនេះពលរដ្ឋសំណូមពរដល់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នឹងជាមេបញ្ជាការកងកម្លាំងឯកភាពខេត្ត មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅចំណុចសហគមន៍ព្រៃធំក្នុងឃុំពង្រលើផងទាន។