នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងលោក តូច ឈួនសៅរិទ្ធ ប្រធានក្រុមការងារចុះជួយឃុំកំរៀង និងសហការី បាននាំយកទេយ្យទាន គ្រឿងបរិក្ខា និងបច្ច័យប្រគេនជូនព្រះសង្ឃចំនួន ៣ វត្ត រួមមានវត្តក្បាលដំរី ហៅវត្តឡាក់ហុកពីរ វត្តបឹងអូរជាង និងវត្តកំរៀងមានជ័យ ហៅវត្តកំរៀង ដែលស្ថិតនៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ឯកឧត្តម ក៏បានបញ្ជាក់ថា នៅពេលថ្មីនេះខេត្តបាត់ដំបង មានករណីក្ដៅខ្លួន លើសពី៣៧.៥អង្សា កើតឡើងចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្ម
ពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិករបឋមសិក្សា អស់រយៈពេល៦ថ្ងៃមកហើយ ដែលមានអាការៈក្អក ហៀរសំបោរ ហើយទទួលបានការព្យាបាលបានធូរស្រាលខ្លះៗហើយ ហើយក្រុមការងារមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយកសំណាកចំនួន២១អង្គមកហើយចំពោះព្រះសង្ឃដែលមានកម្ដៅ និងថ្ងៃស្អែកនឹងបន្តការយកសំណាកបន្តទៀត និងព្រះសង្ឃគង់នៅវត្តអាពាធ ដែលស្ថិតនៅស្រុកមោងឫស្សី ចំនួន ៥២ អង្គ បានជាសះស្បើយចំនួន ៤៩ អង្គ និងកំពុងសម្រាកព្យាបាលចំនួន ២អង្គផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការថែរក្សាសុខភាព ត្រូវឧស្សាហ៍សំអាតដៃនឹងសាប៊ូ ឬអាកុល ពាក់ម៉ាសពេលចេញទៅក្រៅម្ដងៗ ត្រូវសំអាតអនាម័យក្នុងផ្ទះ និងជុំវិញផ្ទះ ព្រោះរដូវនេះជារដូវវស្សាផង ដែលងាយបង្កជាសំបុកមូសខ្លាញី បង្កជាជម្ងឺគ្រុនឈាម អ្វីដែលជាពិសេសទៅទៀត គឺថែរក្សាសុខភាពក្នុងអំឡុងពេលរិករាលដាលនៃជម្ងឺកូវីដ-១៩នេះតែម្ដង ព្រោះជម្ងឺកូវីដ-១៩នេះ មិនទាន់មានវ៉ាក់សាំងអាចការពារប្រជាពលរដ្ឋមិនឲ្យឆ្លងជម្ងឺនេះបានទេ ដូច្នេះត្រូវទាមទារឲ្យចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការមិនឲ្យមានការឆ្លងជម្ងឺនេះ តាមរយៈការថែរក្សាអនាម័យនេះជាដើម។
នៅក្នុងនោះឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានប្រគល់អណ្តូងស្នប់ ដែលជាអំណោយរបស់ប្រជាជនជប៉ុនតាមរយៈ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត និងតាមរយៈរូបឯកឧត្តមផ្ទាល់ សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកកំរៀង និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀងផងដែរ៕