ខេត្តបាត់ដំបង ៖ កាលពីរសៀលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបានស្ទាក់ចាប់ឃាត់ខ្លួនក្រុមយុវជនទំនើងយ៉ាងតិចចំនួន១៣នាក់ ដែលតែងបង្កភាពភ័យខ្លាចដល់អ្នកដំណើរតាមរយៈការជិះម៉ូតូបង្ហោះពាសពេញថ្នល់ទាំងហ្វូងៗ ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឱ្យដឹងថា ក្រុមក្មេងពាលទាំង១៣នាក់នោះ ត្រូវបានកម្លាំងរបស់លោកតាមប្រម៉ាញ់បានមួយចំនួន នៅចំណុចក្នុងព្រលានយន្តហោះ និង មួយចំនួនទៀតនៅលើផ្លូវហាយវេ ដែលកំពុងសាងសង់នៅជាយក្រុង។
លោកបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនជនទំនើងជាង១០នាក់នេះ កម្លាំងជំនាញក៏បានដកហូតម៉ូតូចំនួន០៦គ្រឿងដែរ ដែលជាមធ្យោបាយបង្កភាពអនាធិបតេយ្យ។មានការកត់សម្គាល់ថា បច្ចុប្បន្ន នៅក្នុងព្រលានយន្តហោះខេត្តបាត់ដំបង និងនៅតាមកន្លែងខ្លះនៃកំណាត់ផ្លូវហាយវ៉េ ដែលកំពុងសាងសង់វាងក្រុងបាត់ដំបង គឺជាទីកន្លែងដ៏ពេញនិយម សម្រាប់បងប្អូនប្រជាពលរដ្ឋទៅអង្គុយលេងកំសាន្តជាលក្ខណ:គ្រួសារ ដើម្បីលំហែកាយ ហើយក៏ជាទីពេញនិយមសម្រាប់ការហាត់ប្រាណដែរ។
ប៉ុន្តែទន្ទឹមនឹងនោះ វាក៏ជាទីតាំងដ៏ពេញនិយម សម្រាប់ក្រុមក្មេងទំនើងជិះម៉ូតូប្រណាំង ជិះម៉ូតូបង្ហោះ ឬ ជិះម៉ូតូដេញកាប់ចាក់គ្នាយ៉ាងឃោឃៅផងដែរ ។ លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាននិយាយដោយយោងលើសកម្មភាពជាក់ស្ដែង នៃក្រុមទំនើងនោះថា កន្លងទៅក្រុមក្មេងទំនើងនេះ ពិតជាបង្កភាពអាណាធិបតេយ្យខ្លាំងណាស់នៅតាមដងផ្លូវនានា ក៏ដូចនៅក្នុងព្រលានយន្តហោះដែរ ហើយប្រជាពលរដ្ឋដែលនិយមទៅអង្គុយលំហែកាយ ឬ ទៅហាត់ប្រាណនៅទីនោះក៏ប្រឈមនឹងគ្រោះថ្នាក់យ៉ាងផុយស្រូយជាមួយនឹងក្រុមជនពាលនេះផងដែរ។
ដូច្នេះហើយ ទើបលោកស្នងការដាក់វិធានការចុះបង្ក្រាបតែម្ដង។ លោក ឈឿង គឹមសុង បានបញ្ជាក់ថា កន្លងមកកម្លាំងរបស់លោកក៏ធ្លាប់ចុះទប់ស្កាត់និងបង្ក្រាបក្រុមបង្ហោះម៉ូតូនេះជាបន្តបន្ទាប់ផងដែរ តែមិនយូរប៉ុន្មានក្រុមនេះបានលួបបង្កបញ្ហាដដែលទៀត។ មិនតែប៉ុណ្ណោះ ពេលខ្លះបង្ក្រាបបានទាំងមនុស្សដកហូតបានទាំងដាវឬកាំបិតទាំងផង ដែលពួកគេដាក់តាមខ្លួនដើម្បីត្រៀមច្បាំងគ្នា។
យ៉ាងណាក៏ដោយ បើតាមលោក ឈឿង គឹមសុង បានប្រាប់ថា ក្រុមយុវជនទំនើងទាំង១៣នាក់ ដែលកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបបានខាងលើនេះ យើងបាននាំពួកគេកាន់ស្នងការខេត្ត ដើម្បីសួរនាំ ។ ប៉ុន្តែដោយយោងលើគោលការណ៏លោកស្នងការខេត្ត និងមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តផង យើងគ្រាន់តែធ្វើការអប់រំពួកគេ និងអញ្ជើញអាណាព្យាបាលរបស់ពួកគេឱ្យមកធានានិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់ មុនពេលអនុញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ៕