(រាជធានីភ្នំពេញ)៖ ពេញចិត្តទៀតហើយ អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងនៅតាមតូបការហ្វេ ហាងគុយទាវ ម្តុំអូឬស្សី បាននិងកំពុងចាប់ផ្តើម ភ្នាល់លុយបណ្តើរៗហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ ឬ បង្ក្រាបសោះឡើយ ។
ទីតាំងបើកល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ស្ថិតនៅ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមតូបកាហ្វេ ហាងគុយទាវ លើដំបូលផ្ទះ ខ្ពស់ៗ និងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជា មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ? ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង១១ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃដូច្នេះ។
សូមរំលឹកថា: កន្លងទៅនេះ រាជរដ្ឋាភិបាល បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅទូរទាំងប្រទេស ដោយគ្មានការលើកលែង។
ហើយអនុសាសន៍របស់សម្តេចបានបញ្ជាក់យ៉ាងមុឹងម៉ាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក/ក្រុង/ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ករណីទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា: នេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជា: កើតមានអំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារ ជាដើម.ល។
ប្រជាពលរដ្ឋក៏ដូចជា មហាជនទូទៅ សូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន, ដើម្បីធានាបាននូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង១១ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។